20. គឺពេលនោះហើយ ដែលលោកម៉ូសេបានកើតមក ហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់ គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់អស់រយៈពេលបីខែ
21. រួចក៏ត្រូវបំបរបង់ចោល ប៉ុន្ដែបុត្រីរបស់ស្ដេចស្រុកអេស៊ីព្ទបានយកគាត់មកចិញ្ចឹមធ្វើជាបុត្ររបស់ព្រះនាង។
22. លោកម៉ូសេបានទទួលការអប់រំគ្រប់មុខវិជ្ជាទាំងអស់របស់ជនជាតិអេស៊ីព្ទ ហើយគាត់ពូកែទាំងនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្ដិ។
23. នៅពេលគាត់មានអាយុសែសិបឆ្នាំ គាត់មានចិត្ដចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែលជាបងប្អូនរបស់គាត់។
24. ពេលគាត់ឃើញគេធ្វើបាបបងប្អូនរបស់គាត់ម្នាក់ គាត់ក៏ការពារ ហើយបានសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីព្ទនោះ
25. ដ្បិតគាត់ស្មានថា បងប្អូនរបស់គាត់មុខជាយល់ថា ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់ពួកគេតាមរយៈដៃរបស់គាត់ ប៉ុន្ដែពួកគេមិនបានយល់ដូច្នោះឡើយ។
26. នៅថ្ងៃបន្ទាប់ គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នា ហើយគាត់បានព្យាយាមផ្សះផ្សាពួកគេឲ្យត្រូវគ្នាវិញ ដោយនិយាយថា បងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នា ហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ?
27. ប៉ុន្ដែអ្នកដែលកំពុងបង្ករបួសស្នាមដល់ម្នាក់ទៀតបានច្រានគាត់ ទាំងនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមសម្រាប់យើង?
28. តើអ្នកចង់សម្លាប់ខ្ញុំដូចជាអ្នកបានសម្លាប់ជនជាតិអេស៊ីព្ទម្នាក់កាលពីម្សិលមិញដែរឬ?
29. ពេលឮសំដីដូច្នេះ លោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌាន ហើយរស់នៅជាជនបរទេសនៅស្រុកនោះ គាត់បង្កើតបានកូនប្រុសពីរនាក់។
30. សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។