កិច្ចការ 6:7-15 Khmer Christian Bible (KCB)

7. ដូច្នេះ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង​ ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិម​ ក៏​កើន​ឡើង​យ៉ាង​ច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ!​

8. រីឯ​លោក​ស្ទេផាន​ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណ​ និង​អំណាច​ គាត់​បាន​ធ្វើ​ការ​អស្ចារ្យ​ និង​ទីសំគាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន​

9. នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​

10. ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​

11. ដូច្នេះ​ ពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖​ «យើង​បាន​ឮ​អ្នក​នេះ​និយាយ​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ​ និង​ព្រះជាម្ចាស់!»​

12. ពួកគេ​បាន​ញុះញង់​ប្រជាជន​ ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ​ ហើយ​ពួកគេ​ក៏​នាំ​គ្នា​មក​ចាប់​លោក​ស្ទេផាន​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​កំពូល។​

13. ពួកគេ​បាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​និយាយ​ថា៖​ «មនុស្ស​នេះ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធ​នេះ​ ព្រមទាំង​គម្ពីរ​វិន័យ​ឥត​ឈប់ឈរ​ឡើយ​

14. ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា​ យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។​

15. រីឯ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​បាន​សម្លឹង​មើល​លោក​ស្ទេផាន​គ្រប់ៗ​គ្នា​ ពួកគេ​បាន​ឃើញ​មុខ​របស់​គាត់​ដូច​ជា​មុខ​របស់​ទេវតា។​

កិច្ចការ 6