6. ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។
7. ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើង ហើយចំនួនសិស្សនៅក្រុងយេរូសាឡិម ក៏កើនឡើងយ៉ាងច្រើន ឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ!
8. រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន
9. នៅពេលនោះមានមនុស្សខ្លះមកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាព ដែលមានពួកអ្នកក្រុងគីរេន ពួកអ្នកក្រុងអ័លេក្សានទ្រា និងអ្នកខ្លះមកពីស្រុកគីលីគា និងស្រុកអាស៊ីបានសួរដេញដោលលោកស្ទេផាន
10. ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញា និងព្រះវិញ្ញាណនោះបានទេ
11. ដូច្នេះ ពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេ និងព្រះជាម្ចាស់!»
12. ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យ ហើយពួកគេក៏នាំគ្នាមកចាប់លោកស្ទេផានយកទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាកំពូល។
13. ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ
14. ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។
15. រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។