24. ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។
25. ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!»
26. ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។
27. ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ
28. ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។
29. ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស
30. ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។
31. ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល
32. រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។
33. ពេលពួកគេឮដូច្នេះ ក៏ខឹងជាខ្លាំង ហើយចង់សម្លាប់ពួកសាវកចោល
34. ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។