22. ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ
23. ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។
24. ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។
25. ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!»
26. ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។
27. ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ
28. ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។
29. ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស
30. ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។
31. ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល
32. រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។