កិច្ចការ 5:18-38 Khmer Christian Bible (KCB)

18. ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​គុក​សាធារណៈ។​

19. ប៉ុន្ដែ​នៅពេល​យប់​ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា៖​

20. «ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​

21. ពេល​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹម​ ហើយ​ចាប់ផ្ដើម​បង្រៀន។​ កាល​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​មក​ដល់​ហើយ​ ពួកគេ​ក៏​កោះហៅ​ក្រុម​ប្រឹក្សា​កំពូល​ រួម​ទាំង​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​មក​ និង​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ដើម្បី​នាំ​ពួក​សាវក​មក​

22. ប៉ុន្ដែ​កាល​ពួក​ឆ្មាំ​ព្រះ​វិហារ​បាន​ទៅ​ដល់​គុក​ ពួកគេ​មិន​បាន​ឃើញ​ពួក​សាវក​នៅ​ក្នុង​នោះ​ទេ​ ដូច្នេះ​ពួកគេ​ក៏​ត្រលប់​មក​រាយការណ៍​វិញ​

23. ថា៖​ «យើង​បាន​ឃើញ​គុក​ចាក់​សោ​ជាប់​យ៉ាង​មាំ​ ទាំង​មាន​អ្នកយាម​ឈរ​នៅ​មាត់​ទ្វារ​ ប៉ុន្ដែ​ពេល​យើង​បើក​ទ្វារ​ទៅ​ នោះ​គ្មាន​ឃើញ​អ្នកណា​ម្នាក់​នៅ​ក្នុង​នោះ​សោះ»។​

24. ពេល​ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​សម្ដេច​សង្ឃ​ឮ​ដូច្នោះ​ ពួកគេ​គិត​មិន​យល់​ទាល់​តែ​សោះ​ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​ពួក​សាវក។​

25. ពេល​នោះ​មាន​ម្នាក់​បាន​មក​រាយការណ៍​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ពួក​មនុស្ស​ដែល​ពួក​លោក​បាន​ចាប់​ដាក់​គុក​នោះ​ ឥឡូវ​នេះ​ ពួកគេ​កំពុង​ឈរ​បង្រៀន​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​ឯ​ណោះ!»​

26. ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​

27. ពេល​ពួកគេ​នាំ​ពួក​សាវក​មក​ដល់​ហើយ​ ពួកគេ​ក៏​ដាក់​អ្នក​ទាំង​នោះ​នៅមុខ​ក្រុម​ប្រឹក្សា​កំពូល​ ហើយ​សម្ដេច​សង្ឃ​ក៏​សួរ​ពួកគេ​

28. ថា៖​ «យើង​បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឲ្យ​អ្នក​រាល់គ្នា​បង្រៀន​ដោយ​នូវ​ឈ្មោះ​របស់​អ្នក​នោះ​ទេ​ ប៉ុន្ដែ​ មើល៍​ អ្នក​រាល់គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូសាឡិម​ ហើយ​មាន​បំណង​យក​ឈាម​បុរស​នេះ​មក​ទម្លាក់​លើ​យើង​ទៀត​ផង»។​

29. ពេល​នោះ​លោក​ពេត្រុស​ និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖​ «យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ ជាជាង​ស្ដាប់​តាម​មនុស្ស​

30. ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ប្រោស​ព្រះយេស៊ូ​ ដែល​ពួក​លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅ​លើ​ឈើឆ្កាង​ឲ្យ​រស់​ឡើង​វិញ។​

31. ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ឲ្យ​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​ ដើម្បី​ប្រទាន​ការ​ប្រែចិត្ដ​ ព្រមទាំង​ការ​លើកលែង​ទោស​បាប​ដល់​ជនជាតិ​អ៊ីស្រាអែល​

32. រីឯ​យើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។​

33. ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ខឹង​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​ពួក​សាវក​ចោល​

34. ប៉ុន្ដែ​មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​ឈ្មោះ​កាម៉ាលាល​ ជា​គ្រូ​វិន័យ​ និង​ជា​អ្នក​ដែល​ប្រជាជន​គ្រប់​គ្នា​គោរព​ គាត់​បាន​ងើប​ឈរ​ឡើង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​កំពូល​នោះ​ ហើយ​បាន​បង្គាប់​គេ​ឲ្យ​យក​ពួក​សាវក​ទាំង​នោះ​ទៅ​ខាង​ក្រៅ​បន្ដិច​សិន។​

35. បន្ទាប់​មក​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំង​នេះ​

36. ដ្បិត​ពេល​ថ្មីៗ​កន្លង​មក​នេះ​ មាន​ម្នាក់​ឈ្មោះ​ធើដាស​បាន​អះអាង​ធ្វើ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ ហើយ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រហែល​បួនរយ​នាក់​បាន​ចូល​រួម​ជាមួយ​អ្នក​នោះ​ ប៉ុន្ដែ​អ្នក​នោះ​ក៏​ត្រូវ​គេ​សម្លាប់​ ហើយ​ពួក​អ្នក​ទាំងឡាយ​ដែល​ដើរ​តាម​គាត់​បាន​ខ្ចាត់ខ្ចាយ​អស់​

37. បន្ទាប់​ពី​ម្នាក់​នោះ​មក​ មាន​ម្នាក់​ទៀត​ឈ្មោះ​យូដាស​ជា​អ្នក​ស្រុក​កាលីឡេ​ បាន​ក្រោក​ឡើង​បះបោរ​នៅ​គ្រា​ធ្វើ​ជំរឿន​ប្រជាជន​ គាត់​បាន​អូសទាញ​មនុស្ស​មួយ​ចំនួន​ឲ្យ​ដើរ​តាម​គាត់។​ អ្នក​នេះ​ក៏​វិនាស​ដែរ​ ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​គាត់​ទាំង​ឡាយ​ ក៏​ខ្ចាត់ខ្ចាយ​អស់​ដែរ​

38. ដូច្នេះ​ក្នុង​ករណី​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ​ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ​ ព្រោះ​បើ​គម្រោងការ​ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​ នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន​

កិច្ចការ 5