12. មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
13. រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ
14. ហើយអស់អ្នកដែលបានជឿព្រះអម្ចាស់ ទាំងប្រុសទាំងស្រីមានចំនួនកើនឡើងជាលំដាប់
15. ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ
16. ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។
17. រីឯសម្ដេចសង្ឃ និងពួកអ្នកដែលនៅជាមួយ ដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំង ព្រោះពួកគេពេញដោយសេចក្ដីច្រណែន
18. ពួកគេបានចាប់ពួកសាវក ហើយយកទៅឃុំទុកនៅក្នុងគុកសាធារណៈ។
19. ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖
20. «ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។
21. ពេលឮដូច្នេះហើយ ពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយបានមកដល់ហើយ ពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក
22. ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ
23. ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។