កិច្ចការ 5:1-17 Khmer Christian Bible (KCB)

1. មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​សាភីរ៉ា​ បាន​លក់​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​

2. ប៉ុន្ដែ​គាត់​បាន​លាក់​មួយ​ចំណែក​នៃ​ប្រាក់​លក់​ទ្រព្យ​នោះ​ទុក​សម្រាប់​ខ្លួន​ឯង​ ដោយ​មាន​ការ​ដឹង​ឮ​ពី​ប្រពន្ធ​ដែរ​ ហើយ​គាត់​បាន​យក​មួយ​ចំណែក​ទៀត​មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក។​

3. ពេលនោះ​ លោក​ពេត្រុស​និយាយ​ថា៖​ «ឱ​ អាណានាស​អើយ!​ ហេតុអ្វី​បាន​ជា​អារក្ស​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ដ​របស់​អ្នក​ ធ្វើ​ឲ្យ​អ្នក​កុហក​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​ទុក​ដូច្នេះ?​

4. កាល​អ្នក​នៅ​មាន​ដី​នៅ​ឡើយ​ តើ​វា​មិន​មែន​ជា​របស់​អ្នក​ទេ‍​ឬ?​ ក្រោយពី​បាន​លក់​ហើយ​ តើ​ប្រាក់​មិន​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​របស់​អ្នក​ទេ​ឬ?​ ហេតុអ្វី​បាន​ជា​អ្នក​កើត​គំនិត​នេះ​នៅ​ក្នុង​ចិត្ត​ដូច្នេះ?​ អ្នក​មិន​បាន​កុហក​មនុស្ស​ទេ​ គឺ​បាន​កុហក​ព្រះជាម្ចាស់​ទេ​តើ!»​

5. កាល​លោក​អាណានាស​ឮ​ពាក្យ​ទាំង​នេះ​ហើយ​ គាត់​ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ​ ហើយ​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ ក៏​មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​

6. ពេលនោះ​ ពួក​យុវជន​ក៏​ក្រោក​ឡើង​រុំ​សព​គាត់​ ហើយ​សែង​យក​ទៅ​បញ្ចុះ។​

7. ប្រហែល​ជា​បី​ម៉ោង​ក្រោយ​មក​ ប្រពន្ធ​របស់​លោក​អាណានាស​ក៏​ចូល​មក​ដែរ​ ដោយ​មិន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ​ទេ។​

8. លោក​ពេត្រុស​ក៏​សួរ​នាង​ថា៖​ «សូម​ប្រាប់​ខ្ញុំ​មើល៍​ តើ​អ្នក​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណឹង​មែន​ឬ?»​ នាង​ឆ្លើយ​ថា​ «ចា៎ស!​ ប៉ុណ្ណឹង​មែន»។​

9. ពេល​នោះ​លោក​ពេត្រុស​ក៏​និយាយ​ទៅ​នាង​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​ព្រមព្រៀង​គ្នា​ល្បងល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ដូច្នេះ?​ មើល៍​ ជើង​របស់​ពួក​អ្នក​ដែល​បញ្ចុះ​សព​ប្ដី​របស់​នាង​នៅ​មាត់​ទ្វារ​ហើយ​ ពួកគេ​នឹង​សែង​នាង​យកទៅ​ដែរ»។​

10. ភ្លាមនោះ​ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ពេត្រុស​ ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។​ ពេល​ពួក​យុវជន​ចូល​មក​ ហើយ​ឃើញ​នាង​ស្លាប់​ដូច្នេះ​ ពួកគេ​ក៏​សែង​នាង​យក​ទៅ​បញ្ចុះ​ក្បែរ​ប្ដី​របស់​នាង។​

11. ក្រុម​ជំនុំ​ទាំង​មូល​ ព្រមទាំង​អស់​អ្នក​ដែល​បាន​ឮ​អំពី​ហេតុការណ៍​នេះ​ មាន​សេចក្ដី​កោតខ្លាច​ជា​ខ្លាំង។​

12. មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ជាច្រើន​បាន​កើតឡីង​នៅ​ក្នុង​ចំណោម​ប្រជាជន​ តាមរយៈ​ដៃ​របស់​ពួក​សាវក​ ហើយ​ពួកគេ​ទាំង​អស់​គ្នា​មាន​ចិត្ដ​គំនិត​តែ​មួយ​នៅ​ក្នុង​សាលា​សំណាក់​សាឡូម៉ូន​

13. រីឯ​អ្នក​ផ្សេង​ទៀត​ គ្មាន​អ្នកណា​ហ៊ាន​ចូល​រួម​ជាមួយ​ពួកគេ​ទេ​ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ក្ដី​ ប្រជាជន​គោរព​ពួកគេ​

14. ហើយ​អស់​អ្នក​ដែល​បាន​ជឿ​ព្រះអម្ចាស់​ ទាំង​ប្រុស​ទាំង​ស្រី​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​

15. ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​សែង​ពួក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ​ ហើយ​ផ្ដេក​អ្នក​ជំងឺ​ទាំង​នោះ​នៅ​លើ​គ្រែ​ស្នែង​ និង​កន្ទេល​ ដើម្បី​ពេល​លោក​ពេត្រុស​ដើរ​កាត់​ យ៉ាង​ហោច​ណាស់​ក៏​ស្រមោល​របស់​គាត់​បាំង​លើ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​

16. ហើយ​មនុស្ស​ជាច្រើន​ដែល​នៅ​ក្នុង​ក្រុង​ទាំងឡាយ​ជុំវិញ​ក្រុងយេរូសាឡិម​បាន​នាំ​គ្នា​មក​ដែរ​ ដោយ​នាំ​យក​ពួក​អ្នក​ជំងឺ​ និង​អស់​អ្នក​ដែល​ត្រូវ​ពួក​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​មក​ជាមួយ​ ហើយ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។​

17. រីឯ​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ ដែល​ជា​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​រួម​គ្នា​ប្រឆាំង​ ព្រោះ​ពួកគេ​ពេញ​ដោយ​សេចក្ដី​ច្រណែន​

កិច្ចការ 5