21. ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង
22. រីឯបុរសដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។
23. ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។
24. កាលពួកគេបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងព្រមៗគ្នាទូលទៅព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! គឺព្រះអង្គហើយដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលនៅក្នុងនោះផង
25. ហើយព្រះអង្គបានមានបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជនស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ?
26. ពួកស្ដេចនៅលើផែនដីបានត្រៀមប្រយុទ្ធ ពួកមេដឹកនាំបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ព្រមទាំងព្រះគ្រិស្ដ។
27. ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង
28. ឲ្យធ្វើអ្វីៗដែលព្រះហស្ដ និងបំណងរបស់ព្រះអង្គបានកំណត់ទុកឲ្យកើតឡើង។
29. ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គបានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ
30. ដោយព្រះអង្គលូកព្រះហស្ដមកប្រោសឲ្យជា ព្រមទាំងធ្វើឲ្យមានទីសំគាល់ និងការអស្ចារ្យកើតឡើងតាមរយៈព្រះនាមរបស់ព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ»។
31. ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
32. ពេលនោះ អស់អ្នកដែលបានជឿមានចិត្ដគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនឡើយ គឺអ្វីៗទាំងអស់របស់ពួកគេជារបស់រួម។
33. ពួកសាវកបានធ្វើទីបន្ទាល់យ៉ាងមានអំណាចអស្ចារ្យ អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូ ហើយពួកគេទាំងអស់គ្នា ក៏ទទួលបានព្រះគុណដ៏លើសលុប។
34. នៅក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ខ្វះខាតឡើយ ដ្បិតអស់អ្នកដែលមានដី ឬមានផ្ទះ គេបានលក់ ហើយយកប្រាក់ដែលបានពីការលក់របស់ទាំងនោះ
35. មកដាក់នៅទៀបជើងរបស់ពួកសាវក ហើយគេក៏ចែកឲ្យគ្រប់គ្នាតាមដែលម្នាក់ៗត្រូវការ។
36. រីឯលោកយ៉ូសែបដែលពួកសាវកហៅថា បារណាបាស ប្រែថា «កូននៃសេចក្ដីលើកទឹកចិត្ដ» ជាពួកលេវី កើតនៅកោះគីប្រុស
37. គាត់មានដីមួយកន្លែង ហើយបានលក់យកប្រាក់មកដាក់នៅទៀបជើងរបស់ពួកសាវក។