13. ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
14. អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ
15. អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
16. ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។
17. ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។
18. ប៉ុន្ដែសេចក្ដីដែលព្រះជាម្ចាស់បានប្រកាសប្រាប់ជាមុន តាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលទាំងឡាយថា ព្រះគ្រិស្ដរបស់ព្រះជាម្ចាស់ត្រូវរងទុក្ខវេទនា នោះព្រះជាម្ចាស់បានសម្រេចការនេះតាមរបៀបនេះឯង។
19. ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
20. និងដើម្បីឲ្យមានពេលល្ហែល្ហើយដែលមកពីព្រះវត្ដមានរបស់ព្រះអម្ចាស់ ព្រមទាំងដើម្បីឲ្យព្រះអង្គចាត់ព្រះយេស៊ូមកជាមុន ជាព្រះគ្រិស្ដដែលព្រះអង្គបានជ្រើសរើសទុកមកឯអ្នករាល់គ្នា
21. ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។
22. លោកម៉ូសេបានថ្លែងទុកថា ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នករាល់គ្នានឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដែលដូចជាខ្ញុំដែរ ពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នាស្ដាប់តាមលោកគ្រប់សេចក្ដីទាំងអស់ ដែលលោកនិយាយប្រាប់អ្នករាល់គ្នាចុះ
23. រីឯអ្នកណាដែលមិនព្រមស្ដាប់តាមអ្នកនាំព្រះបន្ទូល នោះគេនឹងវិនាសបាត់ពីក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះជាម្ចាស់
24. ហើយអ្នកនាំព្រះបន្ទូលទាំងឡាយចាប់ពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗទៀត សុទ្ធតែបានប្រកាសប្រាប់ជាមុនអំពីគ្រានេះ។
25. អ្នករាល់គ្នានេះហើយជាកូនចៅរបស់ពួកអ្នកនាំព្រះបន្ទូល និងជាកូនចៅនៃកិច្ចព្រមព្រៀង ដែលព្រះជាម្ចាស់បានធ្វើជាមួយដូនតារបស់អ្នករាល់គ្នា ដោយបានមានបន្ទូលទៅលោកអ័ប្រាហាំថា គ្រួសារទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក។
26. ព្រះជាម្ចាស់បានជ្រើសរើសអ្នកបម្រើរបស់ព្រះអង្គ ហើយបានចាត់លោកឲ្យមកឯអ្នករាល់គ្នាមុនគេដើម្បីប្រទានពរឲ្យអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីសេចក្ដីអាក្រក់របស់អ្នករាល់គ្នារៀងៗខ្លួន»។