1. មានពេលមួយនោះ នៅពេលអធិស្ឋានម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានទៅព្រះវិហារ
2. ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារដែលហៅថាទ្វារលំអ មានបុរសម្នាក់ខ្វិនពីកំណើតដែលត្រូវបានគេសែងមកដាក់នៅទីនោះរៀងរាល់ថ្ងៃ ដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
3. ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងចូលមកក្នុងព្រះវិហារ នោះគាត់ក៏សុំទានពីអ្នកទាំងពីរ
4. ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានសម្លឹងមើលទៅគាត់ រួចនិយាយថា៖ «ចូរសម្លឹងមើលមកពួកយើង!»
5. គាត់ក៏ស្ដាប់តាមអ្នកទាំងពីរ ដោយសង្ឃឹមថានឹងទទួលបានអ្វីមួយពីពួកគេ។
6. ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»
7. រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ
8. គាត់ក៏ស្ទុះក្រោកឈរឡើងដើរទៅមក ហើយបានចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ដោយដើរផងលោតផង ទាំងសរសើរតម្កើងព្រះជាម្ចាស់។