19. ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះ ខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ
20. ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល»
21. ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នកពីស្រុកយូដាទេ ហើយក៏គ្មានបងប្អូនណាម្នាក់មកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីអ្នកដែរ
22. ដូច្នេះ យើងចង់ស្ដាប់ចេញពីអ្នកផ្ទាល់អំពីអ្វីដែលអ្នកគិត ដ្បិតយើងដឹងថា គេនិយាយប្រឆាំងគណៈនេះគ្រប់ទីកន្លែង»
23. ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។
24. អ្នកខ្លះក៏ជឿសេចក្ដីដែលលោកប៉ូលបាននិយាយ ប៉ុន្ដែអ្នកខ្លះទៀតមិនជឿទេ
25. ដូច្នេះ ពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នាតាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូល នោះត្រូវណាស់ថា
26. ចូរទៅប្រាប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ
27. ដ្បិតចិត្ដប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើមិនដូច្នោះទេ គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសគេឲ្យជា។
28. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងចុះថា សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នេះបានបញ្ជូនទៅឯសាសន៍ដទៃហើយ នោះពួកគេនឹងស្ដាប់មិនខាន»
29. [ពេលលោកប៉ូលនិយាយសេចក្ដីនេះរួច ពួកជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង]។
30. លោកប៉ូលបានស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយគាត់បានស្វាគមន៍ពួកអ្នកទាំងឡាយដែលមកជួបគាត់
31. ទាំងប្រកាសអំពីនគរព្រះជាម្ចាស់ និងបង្រៀនពីសេចក្ដីទាំងឡាយ អំពីព្រះអម្ចាស់យេស៊ូគ្រិស្ដ ដោយការបើកចំហ គ្មានការរារាំងទាំងអស់។