កិច្ចការ 28:19-30 Khmer Christian Bible (KCB)

19. ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បាន​ជំទាស់​ ដូច្នេះ​ ខ្ញុំ​ក៏​បង្ខំ​ចិត្ដ​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​ រីឯ​ខ្ញុំ​ផ្ទាល់​មិន​មាន​អ្វី​ចោទប្រកាន់​ជនជាតិ​ឯង​ទេ​

20. ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ ដើម្បី​ជួប​ និង​ពិភាក្សា​គ្នា​ ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារ​តែ​សេចក្ដី​សង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល»​

21. ពួកគេ​ក៏​ប្រាប់​គាត់​ថា៖​ «យើង​មិន​បាន​ទទួល​សំបុត្រ​ស្ដី​អំពី​អ្នក​ពី​ស្រុក​យូដា​ទេ​ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​ប្រាប់​យើង​ ឬ​និយាយ​អ្វី​អាក្រក់​ពី​អ្នក​ដែរ​

22. ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​

23. ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​

24. អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​

25. ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​

26. ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា​ អ្នក​រាល់គ្នា​ឮ​ដោយ​ត្រចៀក​មែន​ ប៉ុន្ដែ​មិន​យល់​ឡើយ​ ហើយ​អ្នក​រាល់គ្នា​ឃើញ​ដោយ​ភ្នែក​មែន​ ប៉ុន្ដែ​មិន​ស្គាល់​ឡើយ​

27. ដ្បិត​ចិត្ដ​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​មិន​ដូច្នោះ​ទេ​ គេ​មុខជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។​

28. ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​

29. [ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង]។​

30. លោក​ប៉ូល​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ​ ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ​ដែល​មក​ជួប​គាត់​

កិច្ចការ 28