កិច្ចការ 28:10-18 Khmer Christian Bible (KCB)

10. ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​

11. បី​ខែ​ក្រោយ​មក​ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា​

12. ហើយ​ពេល​សំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស​ យើង​បាន​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​

13. ចេញ​ពី​ទី​នោះ​ យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។​ មួយ​ថ្ងៃ​ក្រោយ​មក​ មាន​ខ្យល់​ពី​ទិស​ខាង​ត្បូង​មក​ យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទី​ពីរ​

14. រួច​យើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទី​នោះ​ ពួកគេ​បាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​អស់​ប្រាំពីរ​ថ្ងៃ​ ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​ គឺ​យ៉ាង​ដូច្នេះ​

15. ពេល​ពួក​បងប្អូន​ទាំង​នោះ​ឮ​ដំណឹង​អំពី​យើង​ ពួកគេ​ក៏​មក​រហូត​ដល់​ផ្សារ​អាប់ភាស​ និង​ផ្ទះ​សំណាក់​បី​ខ្នង​ ដើម្បី​ជួប​យើង​ ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​ គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ។​

16. ពេល​យើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម​ គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ស្នាក់នៅ​តែ​ម្នាក់​ឯង​ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។​

17. បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​

18. រីឯ​ពួក​ជនជាតិ​រ៉ូម​ ពេល​បាន​សាកសួរ​ខ្ញុំ​រួច‍​ហើយ​ ក៏​ចង់​ដោះលែង​ខ្ញុំ​ ព្រោះ​ខ្ញុំ​គ្មាន​ទោស​សម​នឹង​ស្លាប់​ទេ​

កិច្ចការ 28