កិច្ចការ 28:1-17 Khmer Christian Bible (KCB)

1. ពេល​បាន​រួច​ជីវិត​ហើយ​ នោះ​ទើប​យើង​ដឹង​ថា​ កោះ​នោះ​ឈ្នោះ​មេលីត​

2. ហើយ​ពួក​អ្នក​កោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំង​អស់​គ្នា​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់។​

3. ប៉ុន្ដែ​ពេល​លោក​ប៉ូល​ប្រមូល​អុស​មួយ​ចំនួន​មក​ដាក់​លើ​ភ្លើង​ នោះ​មាន​ពស់​វែក​មួយ​ចេញ​មក​ ដោយសារ​កំដៅ​ភ្លើង​ ហើយ​ចឹក​ដៃ​របស់​គាត់​ជាប់‍។​

4. ពេល​ពួក​អ្នក​កោះ​ឃើញ​ពស់​វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល​ ពួកគេ​ក៏​និយាយ​គ្នា​ថា៖​ «មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​ហើយ​ ទើប​សេចក្ដី​យុត្ដិធម៌​មិន​ទុក​ឲ្យ​គាត់​រស់​ ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏​ដោយ»។​

5. ប៉ុន្ដែ​លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​គ្មាន​ការ​ឈឺ​ចុក​ចាប់​អ្វី​ឡើយ។​

6. ពួកគេ​គិត​ថា​ គាត់​មុខជា​ហើម​ ឬ​ដួល​ស្លាប់​ភ្លាមៗ​មិន​ខាន​ ប៉ុន្ដែ​ពេល​ចាំ​មើល​យ៉ាង​យូរ​ ហើយ​មិន​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​ចំពោះ​គាត់​សោះ​ ពួកគេ​ក៏​ដូរ​គំនិត​ ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។​

7. មាន​កន្លែង​មួយ​នៅ​ម្ដុំ​នោះ​ជា​ដី​របស់​មេ​កន្ទ្រាញ​នៃ​កោះ​នោះ​ ឈ្មោះ​ពូព្លាស​ គាត់​បាន​ស្វាគមន៍​យើង​យ៉ាង​រាក់ទាក់​ឲ្យ​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​

8. ពេលនោះ​ឪពុក​លោក​ពូព្លាស​បាន​ដេក​គ្រុន​ ទាំង​មាន​រោគ​មួល​ លោក​ប៉ូល​ចូល​ទៅ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​ប្រោស​គាត់​ឲ្យ​ជា។​

9. បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​ អ្នក​ផ្សេង​ទៀត​នៅ​លើ​កោះ​នោះ​ដែល​មាន​ជំងឺ​បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល​ ហើយ​ក៏​បានជា​ទាំង​អស់​គ្នា​ដែរ។​

10. ដូច្នេះ​ ពួកគេ​បាន​គោរព​យើង​ជា​ខ្លាំង​ ហើយ​ពេល​យើង​ចេញ​ដំណើរ​ ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។​

11. បី​ខែ​ក្រោយ​មក​ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា​

12. ហើយ​ពេល​សំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស​ យើង​បាន​ស្នាក់នៅ​ទី​នោះ​បី​ថ្ងៃ​

13. ចេញ​ពី​ទី​នោះ​ យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។​ មួយ​ថ្ងៃ​ក្រោយ​មក​ មាន​ខ្យល់​ពី​ទិស​ខាង​ត្បូង​មក​ យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទី​ពីរ​

14. រួច​យើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទី​នោះ​ ពួកគេ​បាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់នៅ​អស់​ប្រាំពីរ​ថ្ងៃ​ ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​ គឺ​យ៉ាង​ដូច្នេះ​

15. ពេល​ពួក​បងប្អូន​ទាំង​នោះ​ឮ​ដំណឹង​អំពី​យើង​ ពួកគេ​ក៏​មក​រហូត​ដល់​ផ្សារ​អាប់ភាស​ និង​ផ្ទះ​សំណាក់​បី​ខ្នង​ ដើម្បី​ជួប​យើង​ ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​ គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ។​

16. ពេល​យើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម​ គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ស្នាក់នៅ​តែ​ម្នាក់​ឯង​ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។​

17. បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​

កិច្ចការ 28