1. នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ
2. ដូច្នេះ យើងក៏ជិះសំពៅមួយមកពីក្រុងអាត្រាមីតដែលបម្រុងនឹងធ្វើដំណើរទៅកន្លែងផ្សេងៗតាមបណ្ដោយឆ្នេរស្រុកអាស៊ី ហើយយើងបានចេញសំពៅទៅដោយមានលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនទៅជាមួយ។
3. នៅថ្ងៃបន្ទាប់ យើងក៏ចូលចតនៅក្រុងស៊ីដូន ហើយលោកយូលាសបានប្រព្រឹត្ដចំពោះលោកប៉ូលដោយសប្បុរស គឺបានអនុញ្ញាតឲ្យលោកប៉ូលទៅឯមិត្ដភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភគាត់។
4. បន្ទាប់មកយើងបានចេញសំពៅពីទីនោះសរសៀរតាមកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។
5. ក្រោយពីបានធ្វើដំណើរឆ្លងកាត់លំហសមុទ្រតាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលា យើងក៏មកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។
6. នៅទីនោះ លោកនាយទាហានរកបានសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលកំពុងធ្វើដំណើរទៅស្រុកអ៊ីតាលី ដូច្នេះគាត់ក៏នាំយើងចុះក្នុងសំពៅនោះ។
7. ពេលធ្វើដំណើរសន្សឹមៗយ៉ាងពិបាកអស់រយៈពេលជាច្រើនថ្ងៃ យើងក៏មកដល់តាមបណ្ដោយឆ្នេរក្រុងគ្នីដូស ដោយខ្យល់មិនអនុគ្រោះឲ្យយើងទៅមុខទៀត យើងក៏ជិះសរសៀរតាមកោះក្រេតដោយឆ្លងកាត់ជ្រោយសាលម៉ូន។
8. បន្ទាប់ពីធ្វើដំណើរតាមបណ្ដោយកោះនោះយ៉ាងពិបាកមក យើងក៏មកដល់កន្លែងមួយឈ្មោះ កំពង់ផែលំអ នៅជិតក្រុងឡាសេ។
9. កាលបានកន្លងផុតទៅជាច្រើនថ្ងៃ ហើយការធ្វើដំណើរតាមសំពៅក៏លែងមានសុវត្ថិភាពដែរ ព្រោះថ្ងៃបុណ្យតមអាហារបានកន្លងផុតហើយ ដូច្នេះលោកប៉ូលក៏ដាស់តឿន
10. ពួកគេថា៖ «បងប្អូនអើយ! ខ្ញុំយល់ឃើញថា ការធ្វើដំណើរតាមសំពៅនឹងមានអន្ដរាយ ព្រមទាំងមានការខាតបង់ច្រើន គឺមិនត្រឹមតែសំពៅ និងទំនិញប៉ុណ្ណោះទេ ថែមទាំងជីវិតរបស់យើងទៀតផង»
11. ប៉ុន្ដែលោកនាយទាហានជឿអ្នកបើកសំពៅ និងម្ចាស់សំពៅច្រើនជាងពាក្យសំដីដែលលោកប៉ូលនិយាយ។
12. ដោយកំពង់ផែនោះមិនអំណោយផលសម្រាប់ការស្នាក់នៅក្នុងរដូវរងា មនុស្សភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះ បើយ៉ាងណាៗនឹងទៅដល់ស្រុកភេនីសជាកំពង់ផែមួយនៃកោះក្រេត ដែលបែរមុខទៅទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅក្នុងរដូវរងា។
13. ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត