17. ដូច្នេះ ពេលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំមិនបង្អង់ឡើយ ក៏បញ្ជាឲ្យគេនាំបុរសនោះមក ហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់
18. ប៉ុន្តែពេលពួកដើមចោទក្រោកឈរចោទប្រកាន់អំពីកររណីរបស់គាត់ នោះមិនអាក្រក់ដូចដែលខ្ញុំស្មានឡើយ
19. ដ្បិតពួកគេមានជម្លោះជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ គឺជាអ្នកដែលប៉ូលអះអាងថានៅមានជីវិត
20. ហើយដោយខ្ញុំមិនច្បាស់ក្នុងការស៊ើបអង្កេតអំពីបញ្ហាទាំងនេះ ខ្ញុំក៏សួរគាត់ ក្រែងលោគាត់សុខចិត្តទៅឯក្រុងយេរូសាឡិម ហើយទទួលយកការជំនុំជម្រះចំពោះបញ្ហាទាំងនោះនៅទីនោះ
21. ប៉ុន្ដែពេលប៉ូលសុំឲ្យឃុំគាត់ទុកដើម្បីប្ដឹងឧទ្ធរណ៍សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជ ខ្ញុំក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំអាចបញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។
22. ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «ខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ» លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អៃក ព្រះអង្គនឹងបានស្ដាប់គាត់ហើយ»។
23. ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក
24. ដោយនិយាយថា៖ «ឱ ស្ដេចអ័គ្រីប៉ា និងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើង បុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ ទាំងនៅក្រុងយេរូសាឡិម និងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំ ដោយស្រែកថា គាត់មិនសមរស់នៅទៀតទេ
25. រីឯខ្ញុំឃើញថា គាត់មិនបានធ្វើអ្វីសមនឹងស្លាប់ឡើយ ប៉ុន្ដែដោយគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ