3. នោះលោកប៉ូលក៏និយាយទៅសម្ដេចសង្ឃថា៖ «នែ៎ កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខាន អ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?»
4. នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?»
5. លោកប៉ូលក៏ឆ្លើយថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា គាត់ជាសម្ដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកថា អ្នកមិនត្រូវនិយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជនរបស់ខ្លួនឡើយ»។
6. ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់»
7. ពេលគាត់និយាយដូច្នេះហើយ នោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី ហើយអង្គប្រជុំបានបែកបាក់គ្នា
8. ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។
9. ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?»
10. ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។
11. នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។