11. នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
12. លុះដល់ព្រឹកឡើង ពួកជនជាតិយូដាបានឃុបឃិតគ្នា ទាំងស្បថជាមួយគ្នាថា ពួកគេមិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន
13. ហើយពួកអ្នកមានផែនការអាក្រក់នេះ មានគ្នាច្រើនជាងសែសិបនាក់
14. គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃ និងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថា យើងមិនបរិភោគជាដាច់ខាតទាល់តែសម្លាប់ប៉ូលបាន
15. ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយក្រុមប្រឹក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់»
16. ប៉ុន្ដែ ពេលក្មួយប្រុសរបស់លោកប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏ទៅក្នុងបន្ទាយ ហើយរាយការណ៍ប្រាប់លោកប៉ូល។
17. ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
18. ដូច្នេះ នាយទាហានក៏នាំយកយុវជននោះទៅជួបមេបញ្ជាការ ហើយប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ ហើយសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានដំណឹងប្រាប់លោក»។
19. មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេ រួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?»
20. គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត