1. ពេលយើងលាពួកគេរួចហើយ ក៏ជិះសំពៅតម្រង់ទៅកោះកូស នៅថ្ងៃបន្ទាប់ យើងបានមកដល់កោះរ៉ូដូស រួចក៏ចេញពីទីនោះទៅក្រុងប៉ាតារ៉ា
2. ហើយពេលឃើញមានសំពៅទៅស្រុកភេនីស យើងក៏ជិះសំពៅនោះទៅមុខទៀត។
3. ពេលយើងឃើញកោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងឆ្វេងកោះនោះ តម្រង់ទៅស្រុកស៊ីរី ហើយក៏មកដល់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។
4. ក្រោយពីរកឃើញពួកសិស្ស យើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃ ហើយតាមរយៈព្រះវិញ្ញាណ ពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ
5. ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
6. បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមក រួចយើងក៏ចុះសំពៅទៅ រីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។
7. ពេលយើងបញ្ចប់ការធ្វើដំណើរតាមសំពៅពីក្រុងទីរ៉ុស យើងក៏មកដល់ក្រុងផ្ទលេមេ ហើយក្រោយពីបានជម្រាបសួរពួកបងប្អូនរួច យើងក៏ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8. នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៀត ហើយមកដល់ក្រុងសេសារា រួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អម្នាក់ ក្នុងចំណោមអ្នកទាំងប្រាំពីរ។