8. ចុះហេតុដូចម្ដេចបានជាយើងឮពួកគេនិយាយភាសាកំណើតរបស់យើងរៀងៗខ្លួនដូច្នេះ?
9. គឺមានអ្នកស្រុកផារថុស អ្នកស្រុកមេឌី អ្នកស្រុកអេឡាំ និងពួកអ្នករស់នៅស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស និងស្រុកអាស៊ី
10. ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងបណ្ដាស្រុកក្នុងតំបន់លីប៊ីក្បែរតំបន់គីរេន និងពួកអ្នកក្រុងរ៉ូមដែលស្នាក់នៅទីនោះ
11. ព្រមទាំងជនជាតិយូដា ពួកអ្នកចូលសាសនាយូដា អ្នកស្រុកក្រេត និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាសអំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ជាភាសារបស់យើងផ្ទាល់!»
12. បណ្ដាជននឹកអស្ចារ្យ ទាំងគិតមិនយល់ទាំងអស់គ្នា ក៏សួរគ្នាថា៖ «តើនេះមានន័យយ៉ាងដូចម្ដេច?»
13. ប៉ុន្ដែអ្នកខ្លះទៀតចំអកថា៖ «ពួកនេះផឹកស្រាទំពាំងបាយជូរថ្មីជ្រុលទេតើ»។
14. ពេលនោះលោកពេត្រុសក៏ក្រោកឈរជាមួយពួកសាវកទាំងដប់មួយ ហើយបន្លឺសំឡេងថា៖ «ឱបងប្អូនយូដា និងបងប្អូនទាំងអស់ដែលរស់នៅក្រុងយេរូសាឡិមអើយ! សូមអ្នករាល់គ្នាយល់ពីហេតុការណ៍នេះ ហើយផ្ទៀងស្ដាប់ពាក្យរបស់ខ្ញុំចុះ
15. ដ្បិតអ្នកទាំងនេះមិនបានស្រវឹងដូចជាអ្នករាល់គ្នាស្មាននោះទេ ព្រោះម៉ោងប្រាំបួនព្រឹកនៅឡើយ!
16. ប៉ុន្ដែនេះជាអ្វីដែលលោកយ៉ូអែលជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
17. ព្រះជាម្ចាស់មានបន្ទូលថា នៅថ្ងៃចុងក្រោយ យើងនឹងចាក់វិញ្ញាណរបស់យើងលើមនុស្សទាំងអស់ ហើយកូនប្រុសកូនសី្ររបស់អ្នករាល់គ្នានឹងថ្លែងព្រះបន្ទូល ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ដ រីឯពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្ដិ។
18. នៅគ្រានោះ យើងនឹងចាក់វិញ្ញាណរបស់យើងលើពួកបាវបម្រើរបស់យើង ទាំងប្រុសទាំងស្រី ហើយពួកគេនឹងថ្លែងព្រះបន្ទូល។