1. កាលដល់ថ្ងៃបុណ្យថ្ងៃទីហាសិប ពួកគេទាំងអស់គ្នាកំពុងជួបជុំគ្នានៅកន្លែងតែមួយ
2. ស្រាប់តែមានសំឡេងមកពីស្ថានសួគ៌ ដូចជាសន្ធឹកខ្យល់យ៉ាងខ្លាំងពេញនៅក្នុងផ្ទះទាំងមូលដែលពួកគេកំពុងអង្គុយ
3. ហើយពួកគេបានឃើញអ្វីមួយដូចជាអណ្ដាតភ្លើងដែលបែកចេញពីគ្នាមកសណ្ឋិតលើពួកគេម្នាក់ៗ។
4. ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
5. នៅពេលនោះ មានជនជាតិយូដាដែលគោរពកោតខ្លាចព្រះជាម្ចាស់មកពីគ្រប់ប្រជាជាតិនៅក្រោមមេឃកំពុងស្នាក់នៅក្នុងក្រុងយេរូសាឡិម
6. កាលបានឮសំឡេងនេះ នោះបណ្ដាជនក៏នាំគ្នាមកមើល ហើយធ្វើឲ្យពួកគេស្រឡាំងកាំង ព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេផ្ទាល់។