1. កាលដល់ថ្ងៃបុណ្យថ្ងៃទីហាសិប ពួកគេទាំងអស់គ្នាកំពុងជួបជុំគ្នានៅកន្លែងតែមួយ
2. ស្រាប់តែមានសំឡេងមកពីស្ថានសួគ៌ ដូចជាសន្ធឹកខ្យល់យ៉ាងខ្លាំងពេញនៅក្នុងផ្ទះទាំងមូលដែលពួកគេកំពុងអង្គុយ
3. ហើយពួកគេបានឃើញអ្វីមួយដូចជាអណ្ដាតភ្លើងដែលបែកចេញពីគ្នាមកសណ្ឋិតលើពួកគេម្នាក់ៗ។
4. ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។
5. នៅពេលនោះ មានជនជាតិយូដាដែលគោរពកោតខ្លាចព្រះជាម្ចាស់មកពីគ្រប់ប្រជាជាតិនៅក្រោមមេឃកំពុងស្នាក់នៅក្នុងក្រុងយេរូសាឡិម
6. កាលបានឮសំឡេងនេះ នោះបណ្ដាជនក៏នាំគ្នាមកមើល ហើយធ្វើឲ្យពួកគេស្រឡាំងកាំង ព្រោះពួកគេម្នាក់ៗបានឮអ្នកទាំងនោះនិយាយភាសារបស់ពួកគេផ្ទាល់។
7. ពួកគេនឹកអស្ចារ្យ ទាំងស្ងើចសរសើរ ហើយសួរថា៖ «មើល៍ ពួកអ្នកដែលកំពុងនិយាយទាំងអស់នេះ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទេឬ?
8. ចុះហេតុដូចម្ដេចបានជាយើងឮពួកគេនិយាយភាសាកំណើតរបស់យើងរៀងៗខ្លួនដូច្នេះ?
9. គឺមានអ្នកស្រុកផារថុស អ្នកស្រុកមេឌី អ្នកស្រុកអេឡាំ និងពួកអ្នករស់នៅស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស និងស្រុកអាស៊ី
10. ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងបណ្ដាស្រុកក្នុងតំបន់លីប៊ីក្បែរតំបន់គីរេន និងពួកអ្នកក្រុងរ៉ូមដែលស្នាក់នៅទីនោះ
11. ព្រមទាំងជនជាតិយូដា ពួកអ្នកចូលសាសនាយូដា អ្នកស្រុកក្រេត និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាសអំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ជាភាសារបស់យើងផ្ទាល់!»
12. បណ្ដាជននឹកអស្ចារ្យ ទាំងគិតមិនយល់ទាំងអស់គ្នា ក៏សួរគ្នាថា៖ «តើនេះមានន័យយ៉ាងដូចម្ដេច?»