24. ដ្បិតមានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ដែលធ្វើខ្ទមសក្ការព្រះនាងឌីអានអំពីប្រាក់ គាត់បានផ្ដល់កម្រៃយ៉ាងច្រើនដល់ពួកជាង។
25. គាត់បានប្រមូលពួកជាង និងពួកអ្នកដែលប្រកបរបរបែបនេះដែរ មកប្រាប់ថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា យើងមានទ្រព្យសម្បត្ដិយ៉ាងច្រើនដោយសារមុខរបរនេះ
26. ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។
27. នេះគឺជាអន្តរាយដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផង ហើយអំណាចរបស់ព្រះនាងដែលស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនឹងត្រូវសាបសូន្យទៅ»។
28. ពេលឮដូច្នេះ ពួកគេក៏មានកំហឹងពេញខ្លួន ហើយស្រែកឡើងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!»
29. ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។
30. លោកប៉ូលចង់ចូលទៅក្នុងចំណោមមហាជន ប៉ុន្ដែពួកសិស្សមិនព្រមឲ្យគាត់ចូលទេ
31. សូម្បីតែមិត្ដរបស់គាត់មួយចំនួនដែលជាមន្ដ្រីស្រុកអាស៊ី ក៏ចាត់គេមកអង្វរគាត់ដែរ កុំឲ្យគាត់ចូលទៅក្នុងទីលានមហោស្រព
32. ពេលនោះ មានអ្នកខ្លះស្រែកយ៉ាងនេះ មានអ្នកខ្លះស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំបានច្របូកច្របល់អស់ហើយ ឯមនុស្សភាគច្រើនមិនបានដឹងពីមូលហេតុដែលពួកគេមកជួបជុំគ្នានេះទេ។
33. ជនជាតិយូដាបានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជន ហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន
34. ប៉ុន្ដែពេលដឹងថា លោកអ័លេក្សានត្រុសជាជនជាតិយូដា ពួកគេបានស្រែកព្រមគ្នាអស់រយៈពេលប្រហែលពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!»