កិច្ចការ 19:21-34 Khmer Christian Bible (KCB)

21. ក្រោយ​ហេតុការណ៍​ទាំង​នេះ​ ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃ។​ គាត់​បាន​និយាយ​ថា៖​ «ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទី​នោះ​ហើយ​ ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»​

22. រួច​គាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​ គឺ​លោក​ធីម៉ូថេ​ និង​លោក​អេរ៉ាស្ទុស​ រីឯ​គាត់​បាន​ស្នាក់នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​

23. ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​

24. ដ្បិត​មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស​ ជា​ជាង​ប្រាក់​ដែល​ធ្វើ​ខ្ទម​សក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​ គាត់​បាន​ផ្ដល់​កម្រៃ​យ៉ាង​ច្រើន​ដល់​ពួក​ជាង។​

25. គាត់​បាន​ប្រមូល​ពួក​ជាង​ និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរ​ មក​ប្រាប់​ថា៖​ «បងប្អូន​អើយ!​ បងប្អូន​ដឹង​ហើយ​ថា​ យើង​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ​

26. ប៉ុន្ដែ​បងប្អូន​បាន​ឃើញ​ និង​បាន​ឮ​ហើយ​ថា​ ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​ និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើន​រួច​មក​ហើយ​ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ​ គឺ​ស្ទើរតែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ ដោយ​និយាយ​ថា​ ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ មិន​មែន​ជា​ព្រះ​ទេ។​

27. នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​

28. ពេល​ឮ​ដូច្នេះ​ ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន​ ហើយ​ស្រែក​ឡើង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

29. ពេល​នោះ​មាន​ការ​ច្របូក​ច្របល់​ពេញ​ក្រុង​ ហើយ​ពួកគេ​សម្រុក​ចូល​ព្រមគ្នា​ទៅ​ក្នុង​ទីលាន​មហោស្រព​ រួច​ចាប់​លោក​កៃយុស​ និង​លោក​អើរីស្តាក​ ជា​អ្នក​ស្រុក​ម៉ាសេដូន​ ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។​

30. លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​

31. សូម្បី​តែ​មិត្ដ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​ទីលាន​មហោស្រព​

32. ពេល​នោះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ​ មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ​ ឯ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។​

33. ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​

34. ប៉ុន្ដែ​ពេល​ដឹង​ថា​ លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ ពួកគេ​បាន​ស្រែក​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​ថា៖​ «ព្រះនាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គ​ឧត្ដម!»​

កិច្ចការ 19