កិច្ចការ 18:9-16 Khmer Christian Bible (KCB)

9. នៅ​យប់​មួយ​ ព្រះអម្ចាស់​មាន​បន្ទូល​មក​លោក​ប៉ូល​នៅ​ក្នុង​សុបិន​និមិត្ដ​ថា៖​ «កុំ​ខ្លាច​អី​ ចូរ​និយាយ​បន្ដ​ទៀត​ កុំ​នៅ​ស្ងៀម​ឡើយ​

10. ដ្បិត​យើង​នៅ​ជាមួយ​អ្នក​ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​តតាំង​ ធ្វើបាប​អ្នក​បាន​ឡើយ​ ព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ជាច្រើន​នៅ​ក្នុង​ក្រុង​នេះ»។​

11. គាត់​ក៏​ស្នាក់នៅ​ទី​នោះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​ពួកគេ​

12. ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ ហើយ​នាំ​គាត់​ទៅ​សាលា​ក្ដី​

13. ដោយ​ចោទ​ថា៖​ «អ្នក​នេះ​កំពុង​តែ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់»​

14. ប៉ុន្ដែ​ ពេល​លោក​ប៉ូល​បម្រុង​និយាយ​ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖​ «ឱ​ជនជាតិ​យូដា​អើយ!​ បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​ នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នក​រាល់គ្នា​

15. ប៉ុន្ដែ​បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ ឬ​ឈ្មោះ​ ឬ​វិន័យ​របស់​អ្នក​រាល់គ្នា​វិញ​ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែប​នេះ​ទេ»។​

16. បន្ទាប់មក​ គាត់​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សាលា​ក្ដី​

កិច្ចការ 18