កិច្ចការ 14:14-25 Khmer Christian Bible (KCB)

14. ប៉ុន្ដែ​ពេល​សាវក​បារណាបាស​ និង​សាវក​ប៉ូល​បាន​ឮ​ដំណឹង​នេះ​ ពួកគាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ ហើយ​រត់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ទាំង​ស្រែក​

15. ថា៖​ «បងប្អូន​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ធ្វើ​ដូច្នេះ?​ យើង​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​រាល់គ្នា​ដែរ​ យើង​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​ការ​ឥត​ប្រយោជន៍​ទាំង​នេះ​ មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ​ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ ផែនដី​ សមុទ្រ​ និង​របស់​សព្វ​សារពើរ​ដែល​នៅ​ក្នុង​នោះ។​

16. កាល​ពី​ជំនាន់​មុន​ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជនជាតិ​ទាំង​អស់​ ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗ​ខ្លួន​

17. ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​ ដោយ​ប្រទាន​ភ្លៀង​ពី​លើ‍​មេឃ​ និង​រដូវ​បង្កើត​ផល​ ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​ និង​អំណរ»។​

18. ក្រោយពី​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ពួកគាត់​ក៏​បញ្ឈប់​បណ្ដាជន​មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ពួកគាត់​យ៉ាង​ពិបាក។​

19. ពេល​នោះ​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ ព្រោះ​ស្មាន​ថា​ គាត់​ស្លាប់​ហើយ​

20. ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។​

21. ក្រោយពី​ពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ​ និង​បាន​បង្កើត​សិស្ស​ជាច្រើន​រួច​ហើយ​ ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​អាន់ទីយ៉ូក​វិញ​

22. ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​

23. ពេល​ពួកគាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ​ ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។​

24. បន្ទាប់មក​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌា​មក​ដល់​ស្រុក​ប៉ាមភីលា។​

25. ក្រោយពី​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា​រួច​ហើយ​ ពួកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាតាលា​

កិច្ចការ 14