5. ពេលទៅដល់ក្រុងសាឡាមីន ពួកគាត់បានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ព្រមទាំងមានលោកយ៉ូហានជាអ្នកជំនួយរបស់ពួកគាត់ដែរ។
6. ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កោះនោះទាំងមូលរហូតដល់ក្រុងប៉ាផុស ពួកគាត់បានជួបគ្រូមន្ដអាគមជាជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូ ជាអ្នកនាំព្រះបន្ទូលក្លែងក្លាយ
7. ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
8. ប៉ុន្ដែ គ្រូមន្ដអាគមអេលីម៉ាស់ (ដ្បិតឈ្មោះរបស់គាត់ប្រែថាដូច្នេះ) បានប្រឆាំងពួកគាត់ដោយខិតខំបង្វែរលោកអភិបាលចេញពីជំនឿ
9. ប៉ុន្ដែលោកសុលដែលហៅថាប៉ូល គាត់ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយសម្លឹងមើលអ្នកនោះ
10. រួចនិយាយថា៖ «នែ កូនអារក្សសាតាំងដែលពេញដោយសេចក្ដីបោកប្រាស់ និងល្បិចកលគ្រប់បែបយ៉ាង និងជាសត្រូវនៃសេចក្ដីសុចរិតទាំងឡាយអើយ! តើអ្នកមិនព្រមឈប់បង្វែរផ្លូវទៀងត្រង់របស់ព្រះអម្ចាស់ទេឬ?
11. មើល៍ ឥឡូវនេះ ព្រះហស្ដរបស់ព្រះអម្ចាស់បានទាស់នឹងអ្នក ហើយអ្នកនឹងត្រូវខ្វាក់មួយរយៈ មើលមិនឃើញពន្លឺថ្ងៃទេ» ស្រាប់តែអ្នកនោះចាប់ផ្ដើមព្រិលភ្នែក ហើយងងឹតមើលលែងឃើញ រួចដើររាវរកគេឲ្យនាំផ្លូវគាត់។
12. ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើង លោកអភិបាលក៏ជឿ ហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។
13. លោកប៉ូល និងគូកនរបស់គាត់បានចុះសំពៅចេញពីក្រុងប៉ាផុសមកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ នៅពេលនោះលោកយ៉ូហានបានចាកចេញពីពួកគាត់ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញ
14. ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា រួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។
15. បន្ទាប់ពីអានគម្ពីរវិន័យ និងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយ ប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមនិយាយមកចុះ»។
16. ដូច្នេះ លោកប៉ូលក៏ក្រោកឡើង ទាំងលើកដៃជាសញ្ញា ហើយនិយាយថា៖ «ឱជនជាតិអ៊ីស្រាអែល និងពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! សូមស្ដាប់ចុះ!
17. ព្រះរបស់ជនជាតិអ៊ីស្រាអែលនេះបានជ្រើសរើសដូនតារបស់យើង ហើយបានលើកតម្កើងជនជាតិនេះ នៅពេលពួកគេស្នាក់នៅស្រុកអេស៊ីព្ទនៅឡើយ រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះ ដោយព្រះហស្ដដ៏មានអំណាច។
18. ព្រះអង្គបានទ្រាំទ្រនឹងពួកគេនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ
19. ហើយក្រោយពីបានបំផ្លាញជនជាតិទាំងប្រាំពីរក្នុងស្រុកកាណានរួច ព្រះអង្គក៏ប្រគល់ស្រុកនោះដល់ពួកគេទុកជាមរតក។
20. ហេតុការណ៍ទាំងនោះបានកើតឡើងប្រហែលបួនរយហាសិបឆ្នាំ។ ក្រោយមកព្រះអង្គបានប្រទានពួកចៅហ្វាយដល់ពួកគេរហូតដល់ជំនាន់លោកសាំយូអែល ដែលជាអ្នកនាំព្រះបន្ទូល។
21. បន្ទាប់មក គេបានសុំឲ្យមានស្ដេច ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានសូល ជាកូនលោកគីសមកពីកុលសម្ព័ន្ធបេនយ៉ាមីនឲ្យធ្វើជាស្ដេចរបស់ពួកគេសែសិបឆ្នាំ។
22. បន្ទាប់ពីព្រះអង្គដកស្ដេចសូលចេញ ព្រះអង្គបានលើកដាវីឌឲ្យធ្វើជាស្ដេចរបស់ពួកគេ ទាំងមានបន្ទូលសរសើរអំពីស្ដេចដាវីឌថា យើងរកបានដាវីឌជាកូនរបស់អ៊ីសាយ គឺជាមនុស្សគាប់ចិត្ដយើងណាស់ ហើយធ្វើតាមបំណងរបស់យើងទាំងអស់។