កិច្ចការ 13:34-44 Khmer Christian Bible (KCB)

34. ហើយ​ការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ​ទៀត​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា​ យើង​នឹង​ប្រទាន​សេចក្ដី​មេត្ដា​ករុណា​ស្មោះត្រង់​ ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នក​រាល់គ្នា។​

35. ដូច្នេះ​ហើយ​ព្រះជាម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​ទំនុក​តម្កើង​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុក​រលួយ​ឡើយ។​

36. ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​

37. ប៉ុន្ដែ​ព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ មិន​បាន​ជួប​សេចក្ដី​ពុក​រលួយ​ទេ។​

38. ដូច្នេះ​ បងប្អូន​អើយ!​ សូម​យល់​អំពី​សេចក្ដី​នេះ​ថា​ តាមរយៈ​ព្រះយេស៊ូ​ ការ​លើកលែង​ទោស​បាប​ត្រូវ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​

39. ហើយ​ដោយសារ​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំង​អស់​ ដែល​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​អ្នក​រាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។​

40. ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នក​នាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ថា​

41. ឱ​ពួក​អ្នក​មើលងាយ​អើយ!​ ចូរ​វិនាស​ ទាំង​ងឿង​ឆ្ងល់​ចុះ​ ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅ​ក្នុង​ជំនាន់​អ្នក​រាល់គ្នា​ ជា​ការ​ដែល​អ្នក​រាល់គ្នា​មិន​ជឿ​ឡើយ​ ទោះបី​មាន​អ្នកណា​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ក៏​ដោយ»។​

42. កាល​លោក​ប៉ូល​ និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ​ ពួកគេ​បាន​អង្វរ​ពួកគាត់​ឲ្យ​និយាយ​អំពី​សេចក្ដី​ទាំង​នេះ​ប្រាប់​ពួកគេ​នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ​ទៀត។​

43. នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​

44. លុះ​ដល់​ថ្ងៃ​សប្ប័ទ​ក្រោយ​ អ្នក​ក្រុង​ស្ទើរតែ​ទាំង​អស់​បាន​មក​ជួបជុំ​គ្នា​ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​

កិច្ចការ 13