1. នៅគ្រានោះ ស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។
2. ស្ដេចបានសម្លាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។
3. ពេលស្ដេចយល់ឃើញថា ការនេះពេញចិត្ដដល់ជនជាតិយូដា ស្ដេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។
4. ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង
5. ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។