26. ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
27. នៅគ្រានោះ មានពួកអ្នកនាំព្រះបន្ទូលខ្លះបានធ្វើដំណើរចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។
28. ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយប្រកាសដោយព្រះវិញ្ញាណថា នឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូល គ្រោះអត់ឃ្លាននេះក៏កើតឡើងមែនក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។
29. ដូច្នេះ ពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា
30. ពួកគេក៏ធ្វើដូច្នេះមែន គឺបានផ្ញើតាមរយៈដៃរបស់លោកបារណាបាស និងលោកសុលទៅឲ្យពួកចាស់ទុំ។