កិច្ចការ 11:23-30 Khmer Christian Bible (KCB)

23. ពេល​លោក​បារណាបាស​មក​ដល់​ ហើយ​បាន​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ គាត់​ក៏​ត្រេកអរ​ ព្រមទាំង​លើក​ទឹក​ចិត្ត​ពួកគេ​គ្រប់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ជាប់​ជាមួយ​ព្រះអម្ចាស់​ជានិច្ច​

24. ហើយ​ដោយ​ព្រោះតែ​លោក​បារណាបាស​ជា​មនុស្ស​ល្អ​ និង​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ជំនឿ​ ដូច្នេះ​បណ្ដាជន​មួយ​ចំនួន​ធំ​បាន​ចូល​មក​ឯ​ព្រះអម្ចាស់​បន្ថែម​ទៀត។​

25. បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​

26. ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​

27. នៅ​គ្រា​នោះ​ មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ខ្លះ​បាន​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូសាឡិម​មក​ក្រុង​អាន់ទីយ៉ូក។​

28. ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ក្រោក​ឡើង​ ហើយ​ប្រកាស​ដោយ​ព្រះវិញ្ញាណ​ថា​ នឹង​មាន​អំណត់​មួយ​យ៉ាង​ធំ​កើត​នៅ​លើ​ផែនដី​ទាំង​មូល​ គ្រោះ​អត់​ឃ្លាន​នេះ​ក៏​កើតឡើង​មែន​ក្នុង​រាជ្យ​របស់​ព្រះចៅ​ក្លូឌាស។​

29. ដូច្នេះ​ ពួក​សិស្ស​បាន​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ស្រុក​យូដា​

30. ពួកគេ​ក៏​ធ្វើ​ដូច្នេះ​មែន​ គឺ​បាន​ផ្ញើ​តាមរយៈ​ដៃ​របស់​លោក​បារណាបាស​ និង​លោក​សុល​ទៅ​ឲ្យ​ពួក​ចាស់ទុំ។​

កិច្ចការ 11