កិច្ចការ 11:19-26 Khmer Christian Bible (KCB)

19. រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​

20. ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ ជា​អ្នក​មក​ពី​កោះ​គីប្រុស​ និង​ក្រុង​គីរេន​ ដែល​បាន​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​និយាយ​ជាមួយ​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ទាំង​ប្រកាស​អំពី​ព្រះអម្ចាស់​យេស៊ូ​ដែរ​

21. ដូច្នេះ​ ព្រះហស្ដ​របស់​ព្រះអម្ចាស់​ក៏​នៅ​ជាមួយ​ពួកគេ​ ហើយ​មនុស្ស​មួយ​ចំនួន​ធំ​បាន​ជឿ​ ព្រមទាំង​បែរ​មក‍​ឯ​ព្រះអម្ចាស់។​

22. ដំណឹង​អំពី​អ្នក​ទាំង​នោះ​បាន​ឮ​ដល់​ត្រចៀក​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡិម​ ដូច្នេះ​ពួកគេ​ក៏​ចាត់​លោក​បារណាបាស​ឲ្យ​ចេញ​ទៅ​ក្រុង​អាន់ទីយ៉ូក។​

23. ពេល​លោក​បារណាបាស​មក​ដល់​ ហើយ​បាន​ឃើញ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ គាត់​ក៏​ត្រេកអរ​ ព្រមទាំង​លើក​ទឹក​ចិត្ត​ពួកគេ​គ្រប់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ជាប់​ជាមួយ​ព្រះអម្ចាស់​ជានិច្ច​

24. ហើយ​ដោយ​ព្រោះតែ​លោក​បារណាបាស​ជា​មនុស្ស​ល្អ​ និង​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ជំនឿ​ ដូច្នេះ​បណ្ដាជន​មួយ​ចំនួន​ធំ​បាន​ចូល​មក​ឯ​ព្រះអម្ចាស់​បន្ថែម​ទៀត។​

25. បន្ទាប់មក​ លោក​បារណាបាស​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​តើសុស​ដើម្បី​រក​លោក​សុល។​

26. ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​

កិច្ចការ 11