13. ហើយគាត់បានរៀបរាប់ប្រាប់យើងអំពីហេតុការណ៍ដែលគាត់បានឃើញទេវតាឈរនៅក្នុងផ្ទះរបស់គាត់ ទាំងប្រាប់ថា ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក
14. គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។
15. ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។
16. ពេលនោះ ខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
17. ដូច្នេះ បើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេ ដូចដែលបានប្រទានដល់យើង ដែលបានជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះ តើខ្ញុំជានរណាដែលហ៊ានរារាំងព្រះជាម្ចាស់?»
18. ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»
19. រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀន ដែលបានកើតឡើងដល់លោកស្ទេផាន ពួកគេបានទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ
20. ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកមកពីកោះគីប្រុស និងក្រុងគីរេន ដែលបានមកក្រុងអាន់ទីយ៉ូក ហើយនិយាយជាមួយជនជាតិយូដាដែលនិយាយភាសាក្រេក ទាំងប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ
21. ដូច្នេះ ព្រះហស្ដរបស់ព្រះអម្ចាស់ក៏នៅជាមួយពួកគេ ហើយមនុស្សមួយចំនួនធំបានជឿ ព្រមទាំងបែរមកឯព្រះអម្ចាស់។
22. ដំណឹងអំពីអ្នកទាំងនោះបានឮដល់ត្រចៀករបស់ក្រុមជំនុំនៅក្រុងយេរូសាឡិម ដូច្នេះពួកគេក៏ចាត់លោកបារណាបាសឲ្យចេញទៅក្រុងអាន់ទីយ៉ូក។
23. ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច
24. ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ដូច្នេះបណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។