8. ក្រោយពីបានប្រាប់ពួកគេអំពីហេតុការណ៍ទាំងឡាយរួចហើយ គាត់ក៏ចាត់ពួកគេឲ្យទៅក្រុងយ៉ុបប៉េ។
9. នៅថ្ងៃបន្ទាប់ នៅពេលអ្នកទាំងនោះកំពុងធ្វើដំណើរទៅជិតដល់ក្រុងនោះ លោកពេត្រុសក៏ឡើងទៅលើដំបូលផ្ទះដើម្បីអធិស្ឋាន នៅម៉ោងប្រហែលដប់ពីរថ្ងៃត្រង់។
10. គាត់ក៏ឃ្លាន ហើយចង់បរិភោគណាស់ ប៉ុន្ដែពេលពួកគេកំពុងរៀបចំអាហារ គាត់ក៏លង់នៅក្នុងសុបិននិមិត្ដ
11. ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។
12. នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារនៅលើផែនដី និងសត្វហើរលើអាកាសគ្រប់ប្រភេទ។
13. ពេលនោះ មានសំឡេងមួយនិយាយមកគាត់ថា៖ «ពេត្រុសអើយ! ចូរក្រោកឡើង ហើយសម្លាប់យកទៅបរិភោគចុះ!»
14. ប៉ុន្ដែ លោកពេត្រុសឆ្លើយថា៖ «ទេ ព្រះអម្ចាស់អើយ! ដ្បិតខ្ញុំមិនដែលបរិភោគអ្វីដែលមិនបរិសុទ្ធ ឬមិនស្អាតឡើយ»
15. សំឡេងនោះបាននិយាយមកគាត់ជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ»
16. ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។
17. ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ
18. ដោយស្រែកសួរថា តើលោកស៊ីម៉ូនដែលហៅថា ពេត្រុសនៅទីនេះដែរឬទេ។
19. ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដ នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក
20. ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។
21. លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?»
22. ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។