25. ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
26. ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើង ទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ»
27. រួចគាត់ក៏ចូលទៅក្នុងបណ្ដើរនិយាយជាមួយលោកកូនេលាសបណ្ដើរ ហើយក៏ឃើញមនុស្សជាច្រើនបានជួបជុំគ្នាជាស្រេច។
28. ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។
29. ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?»
30. លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ
31. ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ
32. ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។
33. ដូច្នេះ ខ្ញុំក៏ចាត់គេឲ្យទៅអញ្ជើញលោកភ្លាម ហើយជាការប្រសើរណាស់ដែលលោកបានអញ្ជើញមក។ ឥឡូវនេះ យើងទាំងអស់គ្នាកំពុងនៅក្នុងព្រះវត្ដមានរបស់ព្រះជាម្ចាស់ដើម្បីស្ដាប់សេចក្ដីទាំងឡាយដែលព្រះអម្ចាស់បានបង្គាប់មកលោក»។