16. ហេតុការណ៍នេះបានកើតឡើងបីដង ហើយវត្ថុនោះត្រូវបានលើកឡើងទៅលើមេឃវិញភ្លាម។
17. ពេលលោកពេត្រុសកំពុងនឹកឆ្ងល់តែម្នាក់ឯងអំពីសុបិននិមិត្ដ ដែលគាត់បានឃើញថា មានន័យដូចម្ដេចនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក ដែលក្រោយពីបានសួររកផ្ទះរបស់លោកស៊ីម៉ូនរួចហើយ បានឈរនៅមាត់ទ្វារ
18. ដោយស្រែកសួរថា តើលោកស៊ីម៉ូនដែលហៅថា ពេត្រុសនៅទីនេះដែរឬទេ។
19. ពេលលោកពេត្រុសកំពុងគិតអំពីសុបិននិមិត្ដ នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា៖ «មើល៍ មានបុរសបីនាក់កំពុងសួររកអ្នក
20. ដូច្នេះ ចូរក្រោកឡើង ចុះទៅក្រោម ហើយទៅជាមួយពួកគេចុះ កុំរារែកឡើយ ព្រោះយើងបានចាត់ពួកគេឲ្យមក»។
21. លោកពេត្រុសក៏ចុះមកជួបអ្នកទាំងនោះ ហើយប្រាប់ពួកគេថា៖ «មើល៍ ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងស្វែងរក តើអ្នករាល់គ្នាមកនេះមានការអ្វី?»
22. ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។
23. ពេលនោះ លោកពេត្រុសក៏អញ្ជើញពួកគេឲ្យចូលក្នុងផ្ទះ និងបានឲ្យពួកគេសម្រាក។ នៅថ្ងៃបន្ទាប់ គាត់ក៏ក្រោកឡើងចេញដំណើរទៅជាមួយពួកគេ ទាំងមានបងប្អូនខ្លះពីក្រុងយ៉ុបប៉េ រួមដំណើរទៅជាមួយដែរ។
24. នៅថ្ងៃបន្ទាប់ ពួកគេក៏ចូលមកដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ បានរង់ចាំពួកគេដោយបានហៅសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់គាត់មកជួបជុំគ្នារួចជាស្រេច។
25. ពេលលោកពេត្រុសមកដល់ លោកកូនេលាសក៏ចេញមកទទួល ទាំងក្រាបថ្វាយបង្គំនៅទៀបជើងរបស់គាត់។
26. ប៉ុន្ដែលោកពេត្រុសលើកគាត់ឡើង ទាំងប្រាប់ថា៖ «ចូរក្រោកឡើង! ខ្ញុំក៏ជាមនុស្សដែរ»
27. រួចគាត់ក៏ចូលទៅក្នុងបណ្ដើរនិយាយជាមួយលោកកូនេលាសបណ្ដើរ ហើយក៏ឃើញមនុស្សជាច្រើនបានជួបជុំគ្នាជាស្រេច។
28. ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។
29. ហេតុនេះបានជាពេលអ្នករាល់គ្នាហៅខ្ញុំមក ខ្ញុំក៏មកដោយឥតប្រកែក ដូច្នេះខ្ញុំសូមសួរអ្នករាល់គ្នាថា តើអ្នករាល់គ្នាហៅខ្ញុំមកនេះមានការអ្វីដែរ?»
30. លោកកូនេលាសក៏ប្រាប់ថា៖ «កាលពីបួនថ្ងៃមុន ម៉ោងប្រហែលថ្មើរនេះ ពេលខ្ញុំកំពុងអធិស្ឋានក្នុងផ្ទះរបស់ខ្ញុំនៅម៉ោងបីរសៀល ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ភ្លឺចិញ្ចាចឈរនៅចំពោះមុខខ្ញុំ
31. ហើយនិយាយមកខ្ញុំថា កូនេលាសអើយ! ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏បាននឹកចាំការដាក់ទានរបស់អ្នកដែរ
32. ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។