កិច្ចការ 10:11-23 Khmer Christian Bible (KCB)

11. ឃើញ​មេឃ​បើក​ចំហ​ មាន​វត្ថុ​ម្យ៉ាង​ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវ​បាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។​

12. នៅ​ក្នុង​កម្រាល​នោះ​ មាន​សត្វ​ជើង​បួន​ សត្វ​លូនវារ​នៅ​លើ​ផែនដី​ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។​

13. ពេល​នោះ​ មាន​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖​ «ពេត្រុស​អើយ!​ ចូរ​ក្រោក​ឡើង​ ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!»​

14. ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា៖​ «ទេ​ ព្រះអម្ចាស់​អើយ!​ ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ ឬ​មិន​ស្អាត​ឡើយ»​

15. សំឡេង​នោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​ថា៖​ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​ អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ»​

16. ហេតុការណ៍​នេះ​បាន​កើតឡើង​បី​ដង​ ហើយ​វត្ថុ​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម។​

17. ពេល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ ដែល​គាត់​បាន​ឃើញ​ថា​ មាន​ន័យ​ដូចម្ដេច​នោះ​ ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ ដែល​ក្រោយ​ពី​បាន​​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​ បាន​ឈរ​នៅ​មាត់​ទ្វារ​

18. ដោយ​ស្រែក​សួរ​ថា​ តើ​លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​ ពេត្រុស​នៅ​ទី​នេះ​ដែរ​ឬ​ទេ។​

19. ពេល​លោក​ពេត្រុស​កំពុង​គិត​អំពី​សុបិន​និមិត្ដ​ នោះ​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា‍៖​ «មើល៍​ មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក​

20. ដូច្នេះ​ ចូរ​ក្រោក​ឡើង​ ចុះ​ទៅ​ក្រោម​ ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ​ កុំ​រារែក​ឡើយ​ ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​មក»។​

21. លោក​ពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ​ ហើយ​ប្រាប់​ពួកគេ​ថា៖​ «មើល៍​ ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់គ្នា​កំពុង​ស្វែងរក​ តើ​អ្នក​រាល់គ្នា​មក​នេះ​មាន​ការ​អ្វី?»​

22. ពួកគេ​ឆ្លើយ​ថា៖​ «លោក​កូនេលាស​ជា​នាយ​ទាហាន​ ជា​មនុស្ស​សុចរិត​ ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​អស់​ គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​

23. ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​

កិច្ចការ 10