កិច្ចការ 10:1-11 Khmer Christian Bible (KCB)

1. មាន​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​សេសារា​ឈ្មោះ​កូនេលាស​ ជា​នាយ​ទាហាន​នៃ​កង​វរសេនា​តូច​ដែល​ហៅ​ថា​ ពល​អ៊ីតាលី​

2. គាត់​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ជា​អ្នក​គោរព​ប្រណិប័តន៍​ និង​កោតខ្លាច​ព្រះជាម្ចាស់​ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​ និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​

3. ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​

4. គាត់​បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះ​ ទាំង​ភ័យខ្លាច​ ហើយ​តប​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​មាន​ការ​អ្វី​ដែរ?»​ ទេវតា​ក៏​និយាយ​មក​គាត់​ថា៖​ «សេចក្ដី​អធិស្ឋាន​ និង​ការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ ទុកជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះជាម្ចាស់​ហើយ។​

5. ដូច្នេះ​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​

6. ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។​ ផ្ទះ​របស់​អ្នក​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ​ [គាត់​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ]»។​

7. កាល​ទេវតា​ដែល​បាន​និយាយ​មក​លោក​កូនេលាស​ចេញ​ផុត​ទៅ​ គាត់​ក៏​ហៅ​បាវបម្រើ​ពីរ​នាក់​ និង​ទាហាន​ម្នាក់​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ពី​ក្នុង​ចំណោម​ពួក​អ្នក​ចាំ​បម្រើ​គាត់​ឲ្យ​មក។​

8. ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។​

9. នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​នោះ​ លោក​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិស្ឋាន​ នៅ​ម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់។​

10. គាត់​ក៏​ឃ្លាន​ ហើយ​ចង់​បរិភោគ​ណាស់​ ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​

11. ឃើញ​មេឃ​បើក​ចំហ​ មាន​វត្ថុ​ម្យ៉ាង​ដូចជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវ​បាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។​

កិច្ចការ 10