កិច្ចការ 1:20-26 Khmer Christian Bible (KCB)

20. សេចក្ដី​នេះ​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ទំនុក​តម្កើង​ថា៖​ «ចូរ​ឲ្យ​លំនៅ​របស់វា​ត្រលប់ជាទី​សោះកក្រោះ ហើយ​កុំឲ្យ​​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ទីនោះ​» និង«​ចូរ​ឲ្យ​អ្នក​ផ្សេង​ទៀត​ទទួល​យក​កិច្ចការ​របស់​វា​ចុះ»​

21. ដូច្នេះ​ ត្រូវតែ​ឲ្យ​ម្នាក់​ពី​អ្នក​ទាំង​នេះ​ដែល​បាន​នៅ​ជាមួយ​យើង​គ្រប់​ពេល​វេលា​ក្នុង​កាល​ដែល​ព្រះអម្ចាស់​យេស៊ូ​គង់​នៅ​ក្នុង​ចំណោម​យើង​នៅ​ឡើយ​

22. គឺ​ចាប់​តាំង​ពី​គ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជទឹក​រហូត​ដល់​ថ្ងៃ​ ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ​ គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើ​ជា​សាក្សី​ជាមួយ​យើង​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ»។​

23. ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​មនុស្ស​ពីរ​នាក់​ គឺ​លោក​ម៉ាត់ធាស​ និង​លោក​យ៉ូសែប​ដែល​ហៅ​ថា​ បារសាបាស​ ឬ​យូស្ទុស។​

24. បន្ទាប់មក​ ពួកគេ​បាន​អធិស្ឋាន​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​យល់ចិត្ដ​មនុស្ស​គ្រប់គ្នា​ សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ ព្រះអង្គ​ជ្រើសរើស​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​

25. ដើម្បី​ទទួល​យក​កិច្ចការ​នេះ​ ព្រមទាំង​តួនាទី​ជា​សាវក​ជំនួស​យូដាស​ដែល​បាន​បែរ​ចេញ​ ហើយ​ទៅ​តាម​ផ្លូវ​របស់​គាត់»។​

26. បន្ទាប់មក​ពួកគេ​ក៏​ចាប់​ឆ្នោត​ ហើយ​ចាប់​ចំ​លោក​ម៉ាត់ធាស​ ដូច្នេះ​ពួកគេ​ក៏​រាប់​បញ្ចូល​លោក​ម៉ាត់ធាស​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​។

កិច្ចការ 1