13. ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។
14. ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយនាងម៉ារាត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ដ្រីឯទៀតៗដែរ។
15. នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖
16. «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។
17. ព្រោះគាត់ក៏ត្រូវបានរាប់ជាគ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការនេះដែរ។
18. បន្ទាប់មក អ្នកនេះបានយកប្រាក់រង្វាន់នៃអំពើទុច្ចរិតរបស់ខ្លួនទៅទិញដីស្រែមួយកន្លែង ហើយក៏ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅទាំងអស់
19. ហើយពួកអ្នកនៅក្រុងយេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។
20. សេចក្ដីនេះមានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វាត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង«ចូរឲ្យអ្នកផ្សេងទៀតទទួលយកកិច្ចការរបស់វាចុះ»
21. ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ
22. គឺចាប់តាំងពីគ្រាដែលយ៉ូហានធ្វើពិធីជ្រមុជទឹករហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។
23. ដូច្នេះពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែបដែលហៅថា បារសាបាស ឬយូស្ទុស។
24. បន្ទាប់មក ពួកគេបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! ព្រះអង្គយល់ចិត្ដមនុស្សគ្រប់គ្នា សូមបង្ហាញឲ្យយើងដឹងថា ព្រះអង្គជ្រើសរើសអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរនេះ
25. ដើម្បីទទួលយកកិច្ចការនេះ ព្រមទាំងតួនាទីជាសាវកជំនួសយូដាសដែលបានបែរចេញ ហើយទៅតាមផ្លូវរបស់គាត់»។
26. បន្ទាប់មកពួកគេក៏ចាប់ឆ្នោត ហើយចាប់ចំលោកម៉ាត់ធាស ដូច្នេះពួកគេក៏រាប់បញ្ចូលលោកម៉ាត់ធាសជាមួយពួកសាវកទាំងដប់មួយ។