14. ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។
15. បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
16. រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ
17. ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ
18. ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។
19. ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។
20. អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។
21. ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ
22. តែបទគម្ពីរបានបង្ខាំងអ្វីៗទាំងអស់ឲ្យនៅក្រោមបាប ដើម្បីឲ្យសេចក្ដីសន្យាតាមរយៈជំនឿលើព្រះយេស៊ូគ្រិស្ដបានប្រទានមកដល់ពួកអ្នកដែលជឿ
23. ប៉ុន្តែមុនពេលជំនឿមកដល់ យើងត្រូវបានឃុំទុកនៅក្រោមក្រឹត្យវិន័យ គឺត្រូវបានបង្ខាំងរហូតដល់ជំនឿដែលនឹងមកត្រូវបើកសំដែង។
24. ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ
25. ប៉ុន្ដែពេលជំនឿមកដល់ហើយ នោះយើងមិនស្ថិតក្រោមអ្នកមើលថែទៀតឡើយ
26. ព្រោះអ្នកទាំងអស់គ្នាជាកូនរបស់ព្រះជាម្ចាស់ដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូ
27. ដ្បិតអស់អ្នកដែលទទួលពិធីជ្រមុជទឹកនៅក្នុងព្រះគ្រិស្ដ នោះបានប្រដាប់ខ្លួនដោយព្រះគ្រិស្ដហើយ។
28. ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ
29. បើអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ហើយជាអ្នកស្នងមរតកតាមសេចក្ដីសន្យាទៀតផង។